ទទួលទានអាហារ11ប្រភេទជួយឱ្យស្បែកភ្លឺរលោងដូចនៅយុវវ័យ
ពិតណាស់ដែលថា ស្បែកស្រស់ស្អាតវាចាប់ផ្តើមចេញពីខាងក្នុងទៅ ។ ចំណីអាហារល្អគឺជាផ្នែកដ៏សំខាន់មួយក្នុងការថែរក្សាស្បែករបស់អ្នកឱ្យមើលទៅឃើញស្រស់ស្អាតនិងមានសុខភាពល្អ ហើយភាពសម្ងាត់នៃពណ៌សម្បុរស្បែកដែលគ្មានភាពជ្រីវជ្រួញគឺបង្កប់នៅក្នុងប្រភេទអាហារដែលយើងទទួលទាន។ ខាងក្រោមនេះគឺជាអាហារ១១មុខដែលអ្នកវិទ្យាសាស្ត្ររកឃើញថាមានផលប្រយោជន៍ដល់ស្បែករបស់លោកអ្នក ៖
១-ដំឡូងជ្វា ៖ សាច់ពណ៌ទឹកក្រូចរបស់ដំឡូងជ្វាសម្បូរទៅដោយសារធាតុបេតាការ៉ូតែននិងវីតាមីនដែលជាសមាសធាតុប្រឆាំងអុកស៊ីដកម្មដ៏សំខាន់មួយ ។ បេតាការ៉ូតែនជួយការពារស្បែករបស់អ្នកពីការបំផ្លាញដោយព្រះអាទិត្យ។ ក្រុមអ្នកស្រាវជ្រាវអាល្លឺម៉ង់បានរកឃើញថា ប្រើប្រាស់បេតាការ៉ូតែន ៣០ក្រាមក្នុង១ថ្ងៃអាចជួយទប់ស្កាត់ ឬកាត់បន្ថយភាពក្រហមនិងការរលាកស្បែកដោយកម្ដៅថ្ងៃបាន ។

២-ផ្លែប៊័រ ៖ វីតាមីនEដ៏សម្បូរបែបនៅក្នុងផ្លែឈើនេះគឺជាសារធាតុប្រឆាំងអុកស៊ីដកម្មយ៉ាងសំខាន់ដែលអាចជួយកាត់បន្ថយភាពចាស់នៃកោសិកាស្បែក ធ្វើឱ្យយើងមើលទៅហាក់ក្មេងជាងវ័យ ។ ក្រៅពីនេះទៀត វាដើរតួយ៉ាងសកម្មធ្វើឱ្យបេះដូងមានសុខភាពល្អ ព្រមទាំងអាចបំបាត់សន្លាក់លើស្បែកផងដែរ។

៣-សាច់មាន់តួកគី ៖ សាច់មាន់ប្រភេទនេះសម្បូរទៅដោយរ៉ែស័ង្កសីនិង Selenium។ ស័ង្កសីជាសារធាតុប្រឆាំងអុកស៊ីដកម្មមួយមានសារសំខាន់ក្នុងការធានាប្រព័ន្ធភាពស៊ាំរាងកាយឱ្យមានសុខភាពល្អ ។ ចំណែករ៉ែ Seleniumវិញអាចជួយឱ្យស្បែករក្សាបាននូវភាពទន់រលោងរបស់វា ។ អ្នកជំនាញបាននិយាយថា Seleniumមានតួនាទីសំខាន់ធ្វើឱ្យកោសិកាស្បែកមានសុខភាពល្អ ។ ការសិក្សាមួយចំនួនបានបង្ហាញថា ប្រសិនជាអ្នកមានរ៉ែ Seleniumកម្រិតខ្ពស់ ការបំផ្លាញរបស់ស្បែកដោយពន្លឺថ្ងៃគឺមានតិចតួច ។

៤-តែបៃតង ៖ វាត្រូវបានគេដឹងយ៉ាងសុះសាយថា ជាសម្បុកនៃសមាសធាតុប្រឆាំងអុកស៊ីដកម្ម ដែលសមាសធាតុនេះអាចជួយកាត់បន្ថយការរលាកនិងការពារភ្នាសកោសិកា ។ វាមានអត្ថប្រយោជន៍ធ្វើឱ្យស្បែកមានសុខភាពល្អ ។

៥-ប៉េងប៉ោះ ទឹកប៉េងប៉ោះ ៖ ផ្លែប៉េងប៉ោះផ្ទុកសារធាតិពណ៌មួយហៅថា លីកូប៉ែន ។ លីកូប៉ែននេះហើយដែលមានសមត្ថភាពធ្វើឱ្យស្បែករបស់អ្នកមើលទៅស្រស់ថ្លានិងមានសុខភាពល្អ ។ ស្បែកនឹងទទួលបានអត្ថប្រយោជន៍ពីកម្រិតសមាសធាតុប្រឆាំងអុកស៊ីដកម្មដ៏ខ្ពស់របស់លីកូប៉ែន ។

៦-ត្រីសម្បូរខ្លាញ់ ៖ បណ្តាត្រីសម្បូរខ្លាញ់មានដូចជា ធូណា សូម៉ុង សាឌីន ជាដើមសុទ្ធតែអាចជួយឱ្យស្បែកអ្នកមើលទៅក្មេងជាងវ័យ ។ ពពួកត្រីទាំងនេះសម្បូរទៅដោយអាស៊ីដខ្លាញ់អូមេហ្គា-៣ ដែលផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់ចំពោះសុខភាពស្បែករបស់អ្នកជាទូទៅ ។
៧-សណ្តែកប្រេស៊ីល ៖ សណ្តែកប្រភេទនេះផ្ទុកទៅដោយរ៉ែ Seleniumយ៉ាងច្រើនលើសលប់ ។ រ៉ែនេះត្រូវគេរកឃើញថា ជួយការពាររាងកាយពីរ៉ាឌីកាលសេរីដែលធ្វើឱ្យអ្នកឆាប់ចាស់មុនអាយុ ។ ការសិក្សាជាច្រើនក៏បានបង្ហាញផងដែរថា អ្នកដែលទទួលទានអាហារសម្បូរដោយរ៉ែនេះប្រឈមនឹងជំងឺមហារីកតិចតួចបំផុត ។

៨- ផ្លែគីវី ៖ ប្រភេទផ្លែឈើដាំក្នុងទ្វីបអឺរ៉ុបមួយនេះសម្បូរទៅដោយវីតាលីC ។ វីតាមីននេះត្រូវគេប្រើយ៉ាងទូលាយក្នុងផលិតផលថែរក្សាស្បែក ។ វាមានសារសំខាន់នៅក្នុងផលិតផល collagenដែលជាប្រូតេអីុនសំខាន់របស់ស្បែក ។ វីតាមីន Cជួយផលិត/រក្សាប្រូតេអីុន collagenនៅក្នុងស្បែករបស់យើងនិងថែមទាំងអាចជួយពង្រឹងសរសៃឈាមតូចៗដែលចិញ្ចឹមស្បែក ។
៩-មើមឆៃថាវក្រហម ៖ មើមឆៃថាវនេះ សម្បូរទៅដោយសារធាតុដែក សារធាតុសរសៃ កាល់ស្យ៉ូមម៉ាញ៉េស្យ៉ូម មង់កាណែស ប៉ូតាស្យ៉ូម អាស៊ីដហ្វូលិច ព្រមទាំងវីតាមីនA, B និងC ។ ដោយសាវាសម្បូរសារធាតុប្រឆាំងអុកស៊ីដកម្មបែបនេះ ទើបវាអាចជួយទប់ស្កាត់ការបំផ្លាញកោសិកានិង DNA ហើយព្រមទាំងជួយលុបបំបាត់រ៉ាឌីកាល់សេរីពីរាងកាយទៀតផង ។
១០-ស្បៃខៀវ (Spinach) ៖ ស្លឹកពណ៌បៃតងចាស់របស់វាប្រមូលផ្តុំដោយបេតាការ៉ូតែនជាសារធាតុជួយជួសជុលកោសិកាស្បែក ។ បន្ថែមពីលើនេះទៀត វាជួយឱ្យស្បែកភ្លឺរលោងដូចស្ថិតក្នុងយុវវ័យ ។

១១-ទឹក ៖ សូមកុំភ្លេចទទួលទានទឹកឱ្យបានច្រើន ។ ការទទួលទឹកច្រើនជួយឱ្យស្បែកមានសំណើម ។ សូមពិសារទឹកឱ្យបានពី៦ទៅ៨កែវក្នុងមួយថ្ងៃដែលក្នុងនោះ មុនពេលចូលដេកក៏ជាពេលសមគួរមួយផងដែរ ។ សូមចាប់ផ្តើមថ្ងៃថ្មីរបស់អ្នកជាមួយទឹកក្ដៅឧណ្ហដោយដាក់ក្រូចឆ្មារមួយចំណិតផង ៕
Comments
Post a Comment